Monday, July 13, 2009

ការ​ផ្ដល់​សក្ខី​កម្ម​របស់​អនុប្រធាន​គុក​ទួលស្លែង​ត្រូវ​ផ្អាក​ដោយ​សារ​គ្មាន​មេធាវី

ភ្ញៀវ​ចូលទស្សនា​ឈរ​មើល​ឧបករណ៍​ធ្វើ​ទារុណកម្ម​របស់​ខ្មែរ​ក្រហម​ដែល​ដាក់​ តាំង​នៅ​ឯ​សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​គុក​ទួលស្លែង ក្នុង​ទីក្រុង​ភ្នំពេញ។ រូបថត​កាល​ពី​ឆ្នាំ​២០០៧។

លោក ម៉ម ណៃ អតីត​អនុ​ប្រធាន​មន្ទីរ​ស-​២១ ឬ​គុក​ទួលស្លែង បាន​ចូល​បំភ្លឺ​ក្នុង​សវនាការ​អង្គ​សេចក្ដី​លើ​ករណី​របស់​អតីត​មេ​គុក​ ទួលស្លែង កាំង ហ្កេក​អ៊ាវ ហៅ ឌុច នៅ​ថ្ងៃ​ច័ន្ទ ទី​១៣ ខែ​កក្កដា​នេះ តែ​ការ​បំភ្លឺ​របស់​សាក្សី​រូប​នេះ​ត្រូវ​បាន​ផ្អាក​ទៅ​វិញ​ដោយសារ​តែ​កង្វះ ​មេធាវី។
លោក ម៉ម ណៃ ហៅ ចាន់ មាន​អាយុ ៧៦​ឆ្នាំ​ដែល​ជា​អតីត​អ្នក​ទទួល​ខុស​ត្រូវ បន្ទាប់​ពី ឌុច និង​ជា​មេ​អ្នក​សួរ​ចម្លើយ​អ្នកទោស​នៅ​គុក​ទួលស្លែង​នៃ​របប​ខ្មែរ​ក្រហម បាន​មាន​ប្រសាសន៍​ថា លោក​ត្រូវ​ការ​មេធាវី​ដើម្បី​ជួយ​លោក​ក្នុង​ការ​ផ្ដល់​នូវ​សក្ខីកម្ម ៖ «ខ្ញុំ​ចង់​មាន​មេធាវី​ដែរ ក៏​ប៉ុន្តែ​ខ្ញុំ​មិន​អាច​រក​លុយ​ជូន​មេធាវី​បាន​ទេ»។

ការ​សម្ដែង​អំពី​សេចក្ដី​ត្រូវការ​នូវ​មេធាវី​របស់​លោក ម៉ម ណៃ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ចំណាប់​អារម្មណ៍​របស់​នៃ​សហ​មេធាវី​ការពារ​ ក្ដី​អន្តរជាតិ​របស់ ឌុច គឺ​លោក François Roux ៖ «ខ្ញុំ​ស្នើ​សុំ​ឲ្យ​សាក្សី​រូប​នេះ ធ្វើ​ការ​ប្រឹក្សា​និង​ពិភាក្សា​ជាមួយ​មេធាវី​របស់​គាត់​ជាមុន​សិន»។

អាស្រ័យ​ដោយ​កង្វះ​នូវ​មេធាវី​សម្រាប់​លោក ម៉ម ណៃ ប្រធាន​អង្គ​ជំនុំជម្រះ​របស់​សាលាដំបូង គឺ​លោក​ចៅក្រម និល ណុន បាន​ប្រកាស​បិទ​អង្គ​សវនាការ​នៅ​រយៈ​ពេល​ប្រមាណ ២៣​នាទី​ក្រោយ​ការ​ការ​ផ្ដល់​សក្ខីកម្ម​របស់​លោក ម៉ម ណៃ បាន​ចាប់​ផ្ដើម ៖ «លោក ម៉ម ណៃ មាន​សំណូម​ពរ​ជាក់​លាក់​ថា គាត់​ត្រូវ​ការ​មេធាវី​ដើម្បី​ពិភាក្សា​មុន​នឹង​គាត់​សម្រេច​ចិត្ត​ថា​តើ​ គាត់​ផ្ដល់​សក្ខី​កម្ម​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ ឬ​យ៉ាង​ណា​នោះ។ ដោយ​ហេតុ​ថា នៅ​ពេល​នេះ​អង្គ​ជំនុំ​ជម្រះ​បាន​ធ្វើ​ការ​ទាក់​ទង​ជាមួយ​អង្គភាព​ដែល​ ពាក់ព័ន្ធ​ក្នុង​ការ​ផ្ដល់​សេវា​មេធាវី​ដល់​សាក្សី​មិន​អាច​ដំណើរ​ការ​បាន​ ទេ ដូច្នេះ​អង្គ​ជំនុំ​ជម្រះ​ប្រកាស​ផ្អាក​ដំណើរ​ការ​សវនាការ​ស្ដាប់​សក្ខី​ កម្ម​ចំពោះ​សាក្សី​ឈ្មោះ ម៉ម ណៃ ហៅ ចាន់ សម្រាប់​រសៀល​នេះ​ត្រឹម​នេះ»។

ទោះ​យ៉ាងណា លោក និល ណុន បាន​មាន​ប្រសាសន៍​ថា ការ​ផ្ដល់​សក្ខីកម្ម​របស់​លោក ម៉ម ណៃ នឹង​បន្ត​នៅ​ព្រឹក​ថ្ងៃ​អង្គារទី ១៤ កក្កដា ជា​បន្ត​ទៀត៕
From:

No comments:

Post a Comment