ប្រធានអង្គការមូលនិធិអរិយធម៌ខ្មែរ លោក មឿង សុន ដែលកំពុងភៀសខ្លួនជ្រកកោននៅប្រទេសបារាំង បានអំពាវនាវសុំចៅក្រមកម្ពុជាដើម្បីពិនិត្យករណីរបស់លោកទៅតាម ស្មារតីសុភវិនិច្ឆ័យខ្ពង់ខ្ពស់មួយ ដោយបានមានប្រសាសន៍ថា អ្វីដែលលោកបានលើកឡើងទាក់ទងនឹងការដាក់តាំងពន្លឺភ្លើងនៅប្រាសាទ អង្គរនោះ ក៏ពុំមានអ្វីខុសគ្នាពីការយល់ឃើញរបស់អង្គការយូណេស្កូឡើយ។
លោក មឿង សុន ថ្លែងយ៉ាងដូច្នេះ ៖ «ខ្ញុំសូមអំពាវនាវសុំឲ្យលោក ចៅក្រម គាត់មានសុភវិនិច្ឆ័យមួយខ្ពស់ ដោយរឿងដែលខ្ញុំបានរិះគន់ចំពោះការដាក់ភ្លើងមិនត្រឹមត្រូវនៅ អង្គរវត្តរបស់ក្រុមហ៊ុន ស៊ូជីង នេះ ក៏មិនខុសគ្នាពីអង្គការយូណេស្កូដែរ ព្រោះយូណេស្កូ គាត់មានទស្សនៈដូចខ្ញុំ គឺគាត់ឲ្យផ្លាស់ប្ដូរអំពូលចង្កៀងហើយក៏ផ្លាស់ប្ដូរទីកន្លែងដែរ គាត់មិនឲ្យដាក់នៅខាងក្នុងអង្គរទេ ហើយអំពូលភ្លើងក៏មិនឲ្យប្រើប្រភេទដែលប្រជាពលរដ្ឋក្ដី រូបខ្ញុំក្ដី ដែលបានមើលឃើញនោះដែរ។ ហ្នឹងជាទស្សនៈដូចគ្នា ហេតុដូច្នេះខ្ញុំសូមអង្វរហើយអង្វរទៀត សូមលោកចៅក្រមមេត្តាកុំកាត់ក្ដីនៅក្រោមឥទ្ធិពលរបស់បុគ្គល គឺសូមឲ្យនៅក្រោមអំណាចច្បាប់របស់ជាតិ និងច្បាប់អន្តរជាតិ ពីព្រោះអង្គរវត្តជាបេតិកភណ្ឌពិភពលោក»។
ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា គឺលោកមេធាវី សុក សំអឿន បានមានប្រសាសន៍ថា ករណីលោក មឿង សុន គឺជាករណីដែលធ្វើឡើងដោយនីតិវិធីបញ្ជូនទៅជម្រះតែម្តង ដោយពុំមានឆ្លងកាត់ការស៊ើបអង្កេតរបស់ចៅក្រមស៊ើបអង្កេតឡើយ អាស្រ័យលើភស្តុតាងដែលព្រះរាជអាជ្ញាយល់ថា មានគ្រប់គ្រាន់ ឬមិនគ្រប់គ្រាន់ប៉ុណ្ណោះ។
លោក សុក សំអឿន បានបញ្ជាក់ទៀតថា ដោយករណីនេះមានភាពចម្លែក លោកគិតថា លោក មឿង សុន ឬមេធាវីរបស់លោកមានសិទ្ធិស្នើសុំឲ្យបញ្ជូនករណីនេះត្រឡប់ទៅ ចៅក្រមស៊ើបអង្កេតវិញបាន ៖ «ក្នុងករណីលោក មឿង សុន នេះ គេហៅថា ការបញ្ជូនទៅជម្រះផ្ទាល់ មានន័យថា បើជាករណីបទល្មើសជាក់ស្ដែង ព្រះរាជអាជ្ញាគេយល់ថា គេមានភស្តុតាងគ្រប់គ្រាន់ គេបញ្ជូនទៅជម្រះផ្ទាល់តែម្ដង ក៏ប៉ុន្តែចំណុចនេះគឺថា ជនជាប់ចោទ គេមានសិទ្ធិនឹងសុំឲ្យចៅក្រមជំនុំជម្រះបញ្ជូនទៅចៅក្រមស៊ើប អង្កេត ហ្នឹងទីមួយ។ ទីពីរ ក្នុងករណីលោក មឿង សុន នេះ យើងមានចំណុចមិនប្រក្រតីមួយត្រង់ថា តាមពិតទៅ ក្នុងនីតិវិធីជម្រះផ្ទាល់ហ្នឹង គឺមិនត្រូវឲ្យលើសពីមួយសប្ដាហ៍ទេ ប្រសិនបើក្នុងករណីដែលអត់ចាប់ខ្លួន ប៉ុន្តែរឿងរបស់លោក មឿង សុន យើងឃើញថា ហេតុកើតនៅថ្ងៃ២៣ [មេសា] ហើយបញ្ជូនទៅជម្រះនៅថ្ងៃទី១៤ [កក្កដា] ដូច្នេះវាលើសខុសគ្នាឆ្ងាយ ដែលទោះបីយ៉ាងណា មេធាវីគេអាចទាមទារនិងលើកឡើងថា ជាភាពមិនប្រក្រតីមួយដែលថា ចៅក្រមជម្រះមិនអាចនឹងបន្តការជំនុំជម្រះបានទេ ទាល់តែបញ្ជូនរឿងក្ដីនេះទៅចៅក្រមស៊ើបសួរដើម្បីបើកការស៊ើបសួរ វិញ»។
សូមជម្រាបថា វិទ្យុអាស៊ីសេរីពុំអាចទាក់ទងលោកមេធាវីរបស់លោក មឿង សុន បានទេ កាលពីយប់មិញនេះ (ថ្ងៃទី១២ កក្កដា ២០០៩)។
ទោះបីយ៉ាងណាក្តី លោក មឿង សុន ដែលពិនិត្យឃើញករណីរបស់លោកមានលំអានដូចលោក ហង្ស ចក្រា ចាងហ្វាងកាសែត«ខ្មែរម្ចាស់ស្រុក» ដែលត្រូវតុលាការកាត់សេចក្តីតាមនីតិវិធីដោយការបញ្ជូនទៅជម្រះតែ ម្តង ដោយពុំមានការស៊ើបអង្កេតជាមុននោះ បានអំពាវនាវពីប្រទេស Andora មកថា លោកមានសង្ឃឹមតែម្យ៉ាង គឺការសុំក្តីអនុគ្រោះពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រះមហាក្សត្រខ្មែរ និងអំពីអង្គការសហប្រជាជាតិប៉ុណ្ណោះ។
លោក មឿង មានប្រសាសន៍ថា ៖ «បើករណីនេះខ្ញុំនៅតែទទួលការរង គ្រោះជាប់ទោសដោយអយុត្តិធម៌ គឺខ្ញុំមិនមានអីសង្ឃឹមក្រៅតែអំពីការអំពាវនាវសុំទៅសម្ដេច ហ៊ុន សែន ម្ដងទៀត ពីព្រោះលិខិតដែលខ្ញុំបានផ្ញើទៅសម្ដេច ហ៊ុន សែន បើតាមខ្ញុំដឹង អត់បានដល់សម្ដេចទេ។ ខ្ញុំសូមទទូចដល់សម្ដេច ហ៊ុន សែន សូមលោកធ្វើការវិនិច្ឆ័យជាថ្មី ... សូមឲ្យព្រះករុណា សូមឲ្យអង្គការសហប្រជាជាតិសូមឲ្យលោកចាប់អារម្មណ៍តាមដានរឿងរបស់ ខ្ញុំឲ្យមានយុត្តិធម៌»៕
From:
Monday, July 13, 2009
មឿង សុន អំពាវនាវឲ្យចៅក្រមពិនិត្យរឿងក្ដីតាមស្មារតីសុភវិនិច្ឆ័យ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment