ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ លោក មឿង សុន ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំនិងផាកពិន័យ ជាប្រាក់ចំនួន១៥លានរៀលពីបទផ្សាយព័ត៌មានមិនពិត។
តុលាការក្រុងភ្នំពេញកាលពីល្ងាចថៃ្ង ១៤ កក្កដានេះ បានផ្តន្ទាទោស លោក មឿង សុន ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរឲ្យជាប់គុករយៈពេល២ ឆ្នាំ និងផាកពិន័យជាប្រាក់ចំនួន១៥លានរៀល ក្រោមបទផ្សាយព័ត៌មានមិនពិតជុំវិញការចោទប្រកាន់ថា មានការដាប់ថ្មនៅថែវអង្គរវត្តដើម្បីដាក់អំពូលភ្លើងកាលពីខែឧសភា កន្លងទៅ ដោយក្រុមហ៊ុនម៉ៅការមួយឈ្មោះ ស៊ូ ជីង។
លោក ឆាយ គង់ ជាចៅក្រមជម្រះក្តីនិងជាអនុប្រធាននៃតុលាការក្រុងភ្នំពេញ បានអានសាលក្រមថា តុលាការសម្រេចផ្តន្ទាទោស លោក មឿង សុន ឲ្យជាប់គុក២ឆ្នាំក្រោមបទផ្សាយព័ត៌មានមិនពិត និងផាកពិន័យជាប្រាក់ចំនួន៧លានរៀលនិង៨លានរៀលទៀតសងជំងឺចិត្ត ទៅរដ្ឋាភិបាលកម្ពុជា។
លោកបានបន្តថា តុលាការក្រុងភ្នំពេញបង្គាប់ឲ្យចាប់ខ្លួន លោក មឿង សុន ដាក់ក្នុងគុកនិងបើកផ្លូវឲ្យប្តឹងទាស់ឬប្តឹងឧទ្ធរណ៍ចំពោះក្ដី នេះ។
លោក ប៉ាល់ ចាន់ដារ៉ា ជាមេធាវីតំណាងឲ្យរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ក្រោយពីការប្រកាសសាលក្រមនោះថា លោកពេញចិត្តចំពោះលទ្ធផលនេះ ៖ «រាជរដ្ឋាភិបាលមិនជំទាស់អីទេ គាំទ្រតាមការសម្រេចរបស់តុលាការ»។
ចំណែកឯ លោក សំ សុគង់ ជាមេធាវីការពារក្ដីឲ្យលោក មឿង សុន បានមានប្រសាសន៍ប្រតិកម្មថា ៖ «ខ្ញុំ អត់ពេញចិត្តទេលទ្ធផលនេះ ដោយសារទី១ ការដាក់ទោសមកលើកូនក្ដីខ្ញុំហាក់ដូចជាវាធ្ងន់ពេក។ ទោសដែលទាបបំផុតក្រោម១ឆ្នាំ តុលាការសម្រេចដាក់ទោសកូនក្ដីខ្ញុំរហូត២ឆ្នាំ អ៊ីចឹងមានលក្ខណៈមួយខ្ពស់»។
លោក ចាន់ សុវ៉េត មន្រ្តីស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សអាដហុក ដែលបានចូលរួមតាមដាននៅក្នុងសវនាការនោះដែរ បានថែ្លងថា ៖ «ក្នុងន័យនេះ ទស្សនៈខាងយើងសង្គមស៊ីវិល យើងនៅតែមានការសោកស្ដាយជុំវិញបញ្ហាការជំនុំជម្រះសេចក្ដីនេះ»។
នៅក្នុងសវនាការរយៈពេលជិត៥ម៉ោងនោះ គេសង្កេតឃើញមានលោក ឆាយ គង់ ជាចៅក្រមជម្រះក្តី លោក ឯក ចេងហួត ជាព្រះរាជអាជ្ញានៃតុលាការក្រុងភ្នំពេញ នៅក្នុងការចោទប្រកាន់លោក មឿង សុន នោះ លោក ប៉ាល់ ចាន់ដារ៉ា ជាមេធាវីរបស់រដ្ឋាភិបាលតំណាងឲ្យដើមបណ្ដឹង និងលោក សំ សុគង់ ជាមេធាវីរបស់លោក មឿង សុន តំណាងឲ្យភាគីចុងចោទ។
លោក មឿង សុន ជាប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខែ្មរមិនមានវត្តមាននៅ ក្នុងសវនាការនោះទេ ដែលប្រភពបានឲ្យដឹងថា លោកកំពុងតែស្ថិតនៅក្រៅប្រទេសកម្ពុជា។
នៅក្នុងសវនាការរយៈពេលជាច្រើនម៉ោងនោះ តុលាការបានចាក់សំឡេងនៃការផ្សាយរបស់វិទ្យុអាស៊ីសេរីអំពីសម្តីរបស់ លោក មឿង សុន ស្ដីពីការព្រួយបារម្ភ និងការចោទប្រកាន់របស់លោកថាមានការដាប់ថ្មនៅថែវអង្គរវត្តដាក់ អំពូលភ្លើង។
ជាមួយគ្នានេះដែរនៅក្នុងសវនាការនោះក៏មានការចាក់សំឡេងនៃនាទី វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីផងដែរអំពីការបំភ្លឺនិងការបដិសេធ របស់ក្រុមមន្រ្តីចំនួន៥នាក់មកពីអាជ្ញាធរអប្សារានិងមន្រ្តីតំណាង យូណេស្កូជុំវិញការចោទប្រកាន់នោះ៕
From:
No comments:
Post a Comment