អាជ្ញាធរស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជាប់ព្រំប្រទល់ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានឲ្យដឹងថា បុរសដែលជាអ្នកភូមិខ្មែរម្នាក់ត្រូវទាហានថៃបាញ់ស្លាប់ ខណៈដែលចូលទៅក្នុងព្រៃជាប់តំបន់ព្រំដែនខ្មែរ-ថៃដើម្បីស៊ីឈ្នួល កាប់និងជញ្ជូនឈើប្រភេទគ្រញូងយកមកឲ្យក្រុមឈ្មួញរកស៊ីឈើខុស ច្បាប់នៅតំបន់នោះ។
អធិការនគរបាលស្រុកត្រពាំងប្រាសាទ លោក កែវ ប៉ាន់ បានមានប្រសាសន៍ឲ្យដឹងកាលពីព្រឹកថ្ងៃច័ន្ទ ទី១៣ ខែកក្កដា ថា បុរសឈ្មោះ លី ប៊ុនថន អាយុ ៣៤ឆ្នាំ ទីលំនៅភូមិអភិវឌ្ឍន៍ឃុំអូរស្វាយ បានស្លាប់ដោយសារត្រូវគ្រាប់កាំភ្លើងរបស់ក្រុមទាហានថៃដែលបាញ់រះ កាលពីថ្ងៃទី១១ ខែកក្កដា ខណៈដែលជនរងគ្រោះនិងអ្នកភូមិប្រុសៗ ៤នាក់ផ្សេងទៀត បាននាំគ្នាចូលព្រៃលើខ្នងភ្នំដងរែក ដែលមិនទាន់ច្បាស់លាស់ថា ទីនោះជាទឹកដីថៃឬក៏ដីខ្មែរដើម្បីស្វែងរកកាប់ឈើគ្រញូងមកលក់ ដូរ។
លោក កែវ ប៉ាន់ ថ្លែងដូច្នេះថា ៖ «គិតទៅ នៅចំបន្ទាត់ខ្នងភ្នំដងរែក ចំណុចខាងលិចឆ្ងាយណាស់ពីជប់រន្ធ នៅភូមិសាស្រ្ដឃុំអូរស្វាយ»។
ចំណែកអភិបាលស្រុកត្រពាំងប្រាសាទ លោក វណ្ណ កុសល បានមានប្រសាសន៍ថា គឺជាព័ត៌មានពិតប្រាកដដែលអ្នកភូមិខ្មែរម្នាក់ត្រូវបានទាហានថៃ បាញ់ស្លាប់។
មន្ត្រីស្រុកដដែលបានមានប្រសាសន៍ថា ជនរងគ្រោះដែលស្លាប់នោះបានចូលព្រៃជ្រៅដើម្បីរកជ័រនិងបោចវល្លិ នៅតាមតំបន់ព្រំដែនឆ្ងាយពីដីខ្មែរ ទំនងជាបានចូលទៅក្នុងព្រំដែនថៃដោយសារតែមិនស្គាល់ព្រំដែនច្បាស់ លាស់ ៖ «គាត់ទៅរកស៊ីបោចវល្លិ តាមខ្សែបន្ទាត់ហ្នឹង ហួសពីដីយើងប្រហែល ១៦-១៧ម៉ែត្រអីហ្នឹង»។
ទោះយ៉ាងណា នៅថ្ងៃច័ន្ទនេះមិនអាចទំនាក់ទំនងមន្ត្រីយោធាថៃប្រចាំតំបន់ណាមួយដើម្បីអធិប្បាយជុំវិញបញ្ហានោះបានទេ។
តាមស្រ្តីម្នាក់នៅភូមិអភិវឌ្ឍន៍សុំមិនបញ្ចេញឈ្មោះដែលហាក់ដឹង រឿងរ៉ាវច្បាស់លាស់ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃច័ន្ទថា បុរសឈ្មោះ លី ប៊ុនថន ដែលស្លាប់ដោយសារគ្រាប់កាំភ្លើងទាហានថៃមានកូនចំនួន២នាក់តូចៗ ហើយមានជីវភាពគ្រួសារក្រីក្រ ជួនថ្ងៃខ្លះ គ្មានអង្ករដាំបាយហូបទេ ដោយសារជីវភាពក្រីក្រគាត់ត្រូវពួកឈ្មួញរកស៊ីឈើខុសច្បាប់នៅតំបន់ ទំនប់ដាច់ជិតគ្នា ជួលឲ្យចូលព្រៃតាមព្រំដែនខ្មែរ-ថៃដើម្បីកាប់និងជញ្ជូនឈើគ្រញូង យកមកឲ្យពួកគេដែលចាំទទួល។
ស្ត្រីដែលសុំមិនបញ្ចេញឈ្មោះដដែលថ្លែងដូច្នេះថា ៖ «គ្នាសុទ្ធតែអ្នកដាច់ពេល ដល់ពេលគេជួយឲ្យទៅទម្លាក់ឈើអ៊ីចឹងទៅ គ្នាទើបទៅបានតែម្ដង មិនទាន់បានលុយបានកាក់អីផង»។
តាមការអះអាងពីប្រជាពលរដ្ឋនៅស្រុកត្រពាំងប្រាសាទបានឲ្យដឹងថា បច្ចុប្បន្នដេប៉ូប្រមូលទិញឈើគ្រញូងយ៉ាងហោចណាស់ ៥កន្លែងនៅតំបន់នោះ ខណៈដែលឈើគ្រញូងកំពុងត្រូវប៉ាន់និងមានការដឹកជញ្ជូនតាមរថយន្ត ធំៗយ៉ាងផុសផុលចេញពីព្រំដែនខ្មែរ-ថៃដែលគេជឿថា យកទៅលក់នៅប្រទេសវៀតណាមបានថ្លៃយ៉ាងខ្ពស់។
សូមរំឭកថា នេះជាលើកទី២ហើយដែលមានសេចក្តីរាយការណ៍ថា អ្នកភូមិខ្មែរក្រីក្រនៅតាមព្រំដែនខេត្តឧត្តរមានជ័យ ត្រូវទាហានថៃបាញ់ស្លាប់ ដោយកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០០៧ កន្លងមក បុរសខ្មែរម្នាក់ឈ្មោះ យឹម ផាត បានស្លាប់និងម្នាក់ទៀតរងរបួស ខណៈដែលនាំគ្នា ៦នាក់ចូលព្រៃតាមព្រំដែនដើម្បីបោចវល្លិនៅតំបន់ព្រំដែនច្រកជាំ សាង៉ាំ ស្រុកអន្លង់វែង ហើយត្រូវទាហានថៃនៃខេត្តស៊ីសាកេត បាញ់រះដាក់នោះ៕
From:
Monday, July 13, 2009
បុរសខ្មែរម្នាក់ត្រូវទាហានថៃបាញ់ស្លាប់ខណៈចូលព្រៃកាប់ឈើ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment