Sunday, July 12, 2009

ពលរដ្ឋ​នៅ​ខែត្រ​ក្រចេះ​ត្អូញត្អែរ​ពី​បញ្ហា​ការអប់រំ


កុមារី​សំឡឹង​មើល​មិត្ត​រួម​ថ្នាក់​ធ្វើ​លំហាត់​នៅ​ក្រៅ​បន្ទប់​រៀន នាថ្ងៃ​ទី ១ កុម្ភៈ ២០០១។ ថ្មីៗ​នេះ អង្គការ​ស្បៀង​អាហារ​ពិភពលោក​បាន​ផ្អាក​ការ​ផ្ដល់​អាហារ​ពេលព្រឹក​សម្រាប់​ក្មេង​សិស្ស​សាលា ដោយ​សារ​តែ​តម្លៃ​អង្ករ​ឡើង​ថ្លៃ​ខ្ពស់។

ការអប់រំ​នៅ​ជនបទ​ខេត្ត​ក្រចេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា មាន​ការលំបាក​ដោយសារ​តែ​គ្រូ​មិន​បាន​បង្រៀន​តាម​កម្មវិធី​ត្រឹមត្រូវ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សិស្ស​មាន​ការនឿយ​ណាយ​សាលា។ ការសិក្សា​នៅ​ភូមិ​អូរព្រះ ឃុំ​អូរក្រៀង ស្រុក​សម្បូណ៌ ខេត្ត​ក្រចេះ ត្រូវ​បាន​អ្នក​ស្រុក​ឲ្យ​ដឹង​ថា ការបង្រៀន​និង​ការរៀន​មាន​ភាព​រប៉ាត់​រប៉ាយ​ដោយ​គ្រូ​គ្មាន​លំនឹង​ក្នុង​ការបង្រៀន។
លោក ម៉ោញ សំ ប្រធាន​សហគមន៍​បាន​លើក​ឡើង​ពី​ផល​លំបាក​ក្នុង​ការផ្តល់​កូន​ឲ្យ​ទៅ​រៀន​ថា ការឈប់​មិន​បាន​ប្រាប់​សិស្ស​ឲ្យ​ដឹង​ថា ឈប់​ប៉ុន្មាន​ថ្ងៃ​ហើយ​ពេល​ចូល​រៀន​ក៏​មិន​បាន​ប្រាប់​ថ្ងៃ​កំណត់​ដោយ​ពឹង​មេ​ភូមិ​ឬ​សហគមន៍​ឲ្យ​ជួយ​ប្រមូល​ក្មេង​តាម​ផ្ទះ។
លោក ម៉ោញ សំ បាន​ឲ្យ​ដឹង​ថា ៖ «បួន​ប្រាំ​ថ្ងៃ​ទៅ​បាន​ឃើញ​មក​ហៅ​សិស្ស​មួយ​សា​ទៀត​ទៅ។ សិស្ស​បើ​វា​ញយៗ​ពេក​ទៅ​វា​ណាយ​ចិត្ត។ បង្រៀន​របៀប​អ៊ីចឹង​អត់​ចេះ​ទេ»។
គោល​បំណង​របស់​អ្នក​ស្រុក​គឺ​ចង់​ឲ្យ​មាន​ការបណ្តុះ​បណ្តាល​កូន​ឲ្យ​មាន​ការចេះ​ដឹង​ខ្ពស់​ដើម្បី​ចៀស​ផុត​ពី​ការរស់នៅ​ដោយ​គ្រាន់តែ​គាស់​កាយ​ព្រះ​ធរណី​ដូច​ពួក​គាត់​រហូត​បែប​នេះ ប៉ុន្តែ​លោក​ក៏​សំណូមពរ​សុំ​ឲ្យ​មាន​ការផ្តល់​ប្រាក់​បៀវត្សរ៍​ដល់​គ្រូ​បង្រៀន​ឲ្យ​បាន​គ្រប់គ្រាន់​ផងដែរ​ដើម្បី​កាត់​បន្ថយ​ការបោះបង់​សាលា​ជា​ញឹកញាប់​ពី​សំណាក់​គ្រូ​បង្រៀន​ទៅ​ប្រកប​របរ​ផ្សេង។
លោក ម៉ោញ សំ បាន​បញ្ជាក់​ថា ៖ «យក​អ្នក​ពី​ចម្ងាយ​មក​បង្រៀន មក​បាន​មួយ​ឆ្នាំ អា​ឡេ​អាឡោ​ទៅ​ផ្ទះ​ផង​ទៅ​អី​ផង ដល់​អ៊ីចឹង​រៀន​ដាច់​ដោច។ ក្មេង​វា​ថា ទៅ​មិន​ដឹង​អី មិន​ដឹង​រៀន​មិន​ដឹង​សូត្រ»។
នាយក​សាល​អូរព្រះ គឺ​លោក ភិរម្យ បាន​ជម្រាប​ថា ផល​លំបាក​កើត​មាន​ទាំង​សងខាង គ្រូ​ឈប់​មុន​ថ្ងៃ​កំណត់ ឯ​សិស្ស​ចោល​សាលា​ទៅ​ជួយ​ការងារ​ឪពុក​ម្តាយ​ក្នុង​ពេល​កំពុង​សិក្សា។
លោក ភិរម្យ បាន​មាន​ប្រសាសន៍​ថា ៖ «ផល​លំបាក បញ្ហា​គ្រូ​ហើយ​និង​សិស្ស។ គ្រូ​មក​មិន​ទាន់​ដល់​ថ្ងៃ​កំណត់​ទៅ​ផ្ទះ​វិញ មក​មិន​ទាន់​បាន​ពាក់​កណ្ដាល​ខែ​៦​ផង ទៅ​ផ្ទះ​វិញ។ មួយ​ទៀត សិស្ស​ខែ​នេះ​ដល់​រដូវ​ស្ទូង​ឈប់​អស់ សុំ​ទៅ​ស្ទូង។ ទម្រាំ​រួច​ស្ទូង​ហួស​ពេល​ហើយ»។
នាយក​មន្ទីរ​អប់រំ​ខេត្ត គឺ​លោក ឡាយ បូរ៉ា បាន​ជម្រាប​ថា ដោយ​ផល​លំបាក​មាន​ទាំង​សងខាង​បែប​នេះ លោក​សំណូមពរ​ឲ្យ​មាតា​បិតា​ជំរុញ​កូន​ឲ្យ​មក​រៀន ដោយ​កុំ​ទុក​កូន​ប្រើ​ក្នុង​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ឯ​គ្រូ​វិញ​លោក​នឹង​ប្រើ​វិន័យ​រដ្ឋបាល។
លោក ឡាយ បូរ៉ា បាន​ថ្លែង​ថា ៖ «បើ​បាន​បង​ឲ្យ​ព័ត៌មាន​អ៊ីចឹង អត់​យក​ចំណុច​សំខាន់​ទេ យើង​ត្រូវតែ​ឲ្យ​សាលា​រៀន​បើក​ទ្វារ។ គ្រូ​មិន​អាច​ថា អ្នក​ឯង​ចង់​ទៅ​មួយ​ខែ ឈប់​មួយ​ខែ ទៅ​មួយ​ថ្ងៃ ឈប់​មួយ​ថ្ងៃ​បាន​ទេ សម័យ​ខ្ញុំ​ឥឡូវ ខ្ញុំ​កំពុង​តែ​ស្រាវជ្រាវ​ហើយ។ ឥឡូវ​មួយចំនួន​ខ្ញុំ​កំពុង​តែ​តាម​ហើយ ហើយ​បើ​មិន​កើត​ទេ ខ្ញុំ​មាន​វិធានការ​រដ្ឋបាល»។
សាលា​រៀន​អូរព្រះ​ស្ថិត​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៧​មាន​ចម្ងាយ​ប្រមាណ​១០០​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​ក្រចេះ ដែល​នៅ​ទី​នោះ​មាន​ទាំង​គ្រូ​ក្របខ័ណ្ខ​និង​គ្រូ​កិច្ច​សន្យា​ចំនួន​៤​នាក់ ហើយ​មាន​សិស្ស​រៀន​ប្រមាណ​ជិត​១០០​នាក់​ជា​តំបន់​ខ្សត់​ធនធាន​មនុស្ស៕

From:

No comments:

Post a Comment