មន្ត្រីព្រៃឈើខេត្តរតនគិរីឲ្យដឹងថា អ្នកភូមិសោមគល់ជាច្រើននាក់បានព្យាយាមប្រើកម្លាំងក្រៅច្បាប់ ប្រឆាំងទៅនឹងក្រុមសមត្ថកិច្ចក្នុងការបង្រ្កាបទីតាំងស្តុកឈើ ប្រណីតរបស់អ្នកភូមិ។
ហេតុការណ៍នេះកើតមានឡើងបន្ទាប់ពីក្រុមសមត្ថកិច្ចនៃអាជ្ញាធរ ខេត្តរតនគិរី កាលពីថ្ងៃសៅរ៍ បានធ្វើការបង្រ្កាបសកម្មភាពដឹកជញ្ជូនឈើប្រណីតមួយរថយន្តចំណុះ ៦ម៉ែត្រគូបដែលគេប៉ុនប៉ងនាំចេញពីភូមិសោមគល់ ចេញទៅប្រទេសវៀតណាម បន្ទាប់មក ក្រុមសមត្ថកិច្ចបានព្យាយាមចូលទៅបង្រ្កាបទីតាំងលាក់ឈើក្នុងភូមិ ហើយអ្នកភូមិចេញមុខតតាំង។
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក យ៊ូកាន វិមាន បញ្ជាក់ថា ៖ «គាត់ ការពារឈើគាត់តែម្ដង គាត់លើកគ្នាមក យកសាំងយកអីមក។ បទល្មើសវាហាក់ដូចជាមានលក្ខណៈតឹងតែង អាជ្ញាធរ ខណ្ឌក៏គាត់មិននៅស្ងៀមដែរ»។
អ្នកភូមិសុំមិនឲ្យបញ្ចេញឈ្មោះបញ្ជាក់ថា អ្នកភូមិស្ទើរអស់ពីភូមិរួមទាំងបុគ្គលជាមន្ត្រី អាជ្ញាធរភូមិ និងក្រុមប្រឹក្សាឃុំខ្លះ នាំគ្នាចូលព្រៃកាប់ឈើប្រណីតបន្ទាប់ពីឈ្មួញដែលអ្នកភូមិស្គាល់ ថាជាបុគ្គលបំពេញការងារជាមន្ត្រីអាជ្ញាធរនៅតំបន់នោះជាអ្នកចលនា ឲ្យអ្នកភូមិកាប់ឈើ ហើយពួកគេជាអ្នកប្រមូលទិញនាំចេញទៅតំបន់ព្រំដែនប្រទេសវៀតណាមនៅ ជិតនោះ ទើបអ្នកភូមិសម្រេចចិត្តនាំគ្នាឈប់ធ្វើស្រែចម្ការ ហើយចូលព្រៃកាប់ឈើលក់ដូចគ្នា។
ប្រភពបន្តថា ក្រុមអាជ្ញាធរពាក់ព័ន្ធមិនបានបង្រ្កាបសកម្មភាពមន្ត្រីមានអំណាច ធ្វើជំនួញឈើខុសច្បាប់នោះទេ ហេតុដូច្នេះអ្នកភូមិមិនយល់ព្រមឲ្យសមត្ថកិច្ចរឹបអូសឈើពួកគាត់ ដូចគ្នា ៖ «ឈើមានពីរកន្លែង។ យប់មិញចេញ ៥ឡានហើយ យប់មិញ។ អត់ខ្លាចអត់អីទេ ថាត្រូវចាប់ ចាប់ទាំងអស់គ្នា បើថាចាប់អ្នកតូច ចាប់អ្នកធំដូចគ្នា បើអ្នកធំមិនកុម្ម៉ង់ អ្នកតូចធ្វើ ធ្វើអី?»។
កាលពីរសៀលថ្ងៃទី២៦ មិថុនា ឆ្នាំ២០០៩ អ្នកភូមិតេន ឃុំយ៉ាទុង មានគ្នាជាង ១០០នាក់ប្រដាប់ដោយកាំបិត ដំបង ពូថៅ បានប៉ះទង្គិចដោយអំពើហិង្សាអស់រយៈពេលជាងមួយម៉ោងជាមួយក្រុម សមត្ថកិច្ចប្រដាប់អាវុធជាង ១០នាក់ក្នុងការប៉ុងប៉ងរឹបអូសឈើប្រណីតអ្នកភូមិដែលលាក់ទុក ដើម្បីលក់។ ក៏ប៉ុន្តែក្រុមសមត្ថកិច្ចព្យាយាមដកថយ។ ហើយភាគីទាំងពីរមិនមានការរងរបួសធ្ងន់ធ្ងរនិងស្លាប់ទេ។
មន្ត្រីស៊ើបអង្កេតសមាគមអាដហុកខេត្តរតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ បញ្ជាក់ថា សង្រ្គាមឈើប្រណីតកើតមានហើយ ដោយសារអ្នកមានអំណាចបាននាំមុខដោយគ្មានទោសពៃរ៍។
លោក ប៉ែន ប៊ុណ្ណារ៍ ថ្លែងដូច្នេះថា ៖ «ឯកឧត្ដមតំណាងរាស្រ្ដ ប៊ូ ថង លោកបានលើកយូរហើយ ២ឆ្នាំហើយ ថា រតនគិរីកំពុងតែមានសង្រ្គាម ព្រៃឈើ និងដីធ្លី។ ឥឡូវចូលដល់សភាពការណ៍មួយទុំជោរហើយ ហើយមិនមែនកើតតែនៅស្រុកអូរយ៉ាដាវទេ នៅតាវែងក៏យើងឃើញដែរ ការចុះទៅកាប់ឈើដើម្បីធ្វើអាជីវកម្មហ្នឹងវាមានលក្ខណៈធំៗតែម្ដង ឥឡូវហ្នឹង»។
ប្រភពអ្នកភូមិខាងលើឲ្យដឹងថា ឈើដែលស្តុកទុកមាននៅភូមិសោមគល់ចាស់ ឃុំសោមធំ និងភូមិពាក្យ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ តាមសេចក្តីរាយការណ៍ថា ជាប្រភេទឈើធ្នង់ចំណុះប្រមាណ ៥០ម៉ែត្រគូប។
ប្រភពមន្ត្រីខេត្តសុំមិនឲ្យបញ្ចេញឈ្មោះឲ្យដឹងដែរថា បច្ចុប្បន្ននេះ អាជ្ញាធរស្រុកបានព្យាយាមចរចាដោយសន្តិវិធីជាមួយនឹងអ្នកភូមិ ក៏ប៉ុន្តែអ្នកភូមិមិនយល់ព្រម ហើយអាជ្ញាធរខេត្តក៏កំពុងសុំកិច្ចអន្តរាគមន៍ពីក្រសួងមហាផ្ទៃ៕
From:
Tuesday, July 14, 2009
អ្នកភូមិនិងអាជ្ញាធរដែនដីប្រឈមមុខគ្នាក្នុងជម្លោះឈើប្រណីត
Subscribe to:
Post Comments (Atom)
No comments:
Post a Comment