ប្រភពព័ត៌មានពីកងទាហានខ្មែរដែលនៅតាមតំបន់ព្រំដែនខ្មែរថៃនិង មន្ត្រីរដ្ឋបាលព្រៃឈើបានឲ្យដឹងថា ការកាប់ឈើប្រណីតប្រភេទគ្រញូងខុសច្បាប់និងដឹកជញ្ជូនយកទៅលក់ដូរ ចេញពីតំបន់តាមព្រំដែនខ្មែរភាគឧត្តរជាច្រើនកន្លែងកំពុងកើនឡើង យ៉ាងសម្បើមចាប់តាំងពីមានជម្លោះព្រំដែនរវាងកម្ពុជាថៃមួយរយៈចុង ក្រោយនេះ។
តាមមន្ត្រីយោធាខ្មែរមួយរូបសុំមិនបញ្ចេញឈ្មោះដែលកំពុងការពារ ព្រំដែននៅម្តុំស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃអាទិត្យ ទី១២ ខែកក្កដា ថា ការកាប់ឈើគ្រញូងកំពុងកើតមានយ៉ាងខ្លាំងនៅតាមបន្ទាត់ព្រំដែន ដូចជានៅតំបន់ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ តំបន់ផ្អុងឃុំកូនក្រៀល ស្រុកសំរោង តំបន់អន្លង់វែង ខេត្តឧត្តរមានជ័យ និងពីតំបន់ជិតព្រះវិហារ ដោយមានការដឹកជញ្ជូនយកទៅលក់ដូរតាមម៉ូតូ តាមឡានតូចៗ ឡានធំៗ ពេលថ្ងៃក៏មាននិងពេលយប់ក៏មាន ឆ្ពោះចូលមកតាមផ្លូវ Highway លេខ៦៧ សំដៅទៅកាន់ខេត្តកំពង់ធំ។
ទាហានការពារព្រំដែនខ្លះបានហៅការដឹកជញ្ជូនឈើគ្រញូងទាំងនោះប្រៀបដូចជាការហែបុណ្យយ៉ាងអនាធិបតេយ្យ ៖ «ស្ថានភាព សព្វថ្ងៃរបៀបដូចហែកឋិនអ៊ីចឹង ច្រកណាក៏មានដឹកឈើទាំងអស់ ហើយចេញទាំងថ្ងៃទាំងយប់ទាំងអស់ វាអនាធិបតេយ្យហួសហេតុពេកហើយ»។
ចំណែកប្រធានសហគមន៍ការពារព្រៃឈើភ្នំដងរែកសម្រែកព្រៃស្រស់ ប្រចាំនៅស្រុកសំរោង ខេត្តឧត្តរមានជ័យ លោក ឡាវ លី បានមានប្រសាសន៍ថា ពេលបច្ចុប្បន្ននេះមានក្រុមឈ្មួញបានកាប់ឈើប្រភេទត្រសេកនិងនាំ ចេញតាមរថយន្តទៅលក់ឲ្យថៃដោយចេញតាមច្រករបៀងជិតប្រាសាទតាក្របី។
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប លោក ឈៀង តុលា មិនបានធ្វើការអធិប្បាយលម្អិតបញ្ហាកើតឡើងនៃបទល្មើសព្រៃឈើនោះទេ ប៉ុន្តែលោកទទួលស្គាល់ថា ការកាប់និងដឹកជញ្ជូនឈើគ្រញូងខុសច្បាប់គឺពិតជាមាន ហើយមន្ត្រីរដ្ឋបាលព្រៃឈើរបស់លោកក៏តែងបង្ក្រាបជាញឹកញាប់ដែរ។
លោក ឈៀង តុលា បានបញ្ជាក់ថា ៖ «មន្ត្រីរបស់ខ្ញុំនៅប្រចាំការ នៅធ្វើការជាប់រហូត។ វាចេះតែមានហើយ យើងចាប់បានជាបន្តបន្ទាប់»។
មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើប្រចាំតំបន់ខ្នាររង្វះ តាមផ្លូវ Highway លេខ៦៧ មួយរូប ដែលមិនហ៊ានបញ្ចេញឈ្មោះបានមានប្រសាសន៍ថា កាលពីថ្ងៃទី៩ ខែកក្កដាកន្លងមក គេបានចាប់រថយន្តធំមួយគ្រឿងដែលមានផ្ទុកសុទ្ធតែឈើគ្រញូងប្រមាណ ពី១៥ទៅ២០ម៉ែត្រគូប ដោយរថយន្តនោះបានដឹកឈើចេញពីភូមិសាស្ត្រស្រុកអន្លង់វែងសំដៅទៅ ខេត្តកំពង់ធំទាំងថ្ងៃ។
មន្ត្រីរដ្ឋបាលព្រៃឈើដដែលបានមានប្រសាសន៍ថា អ្នករកស៊ីឈើបច្ចុប្បន្នធ្វើឲ្យសមត្ថកិច្ចមិនហ៊ានបង្ក្រាប ដោយសារឈ្មួញខ្លះមានខ្នងបង្អែកជាមន្ត្រីធំ និងខ្លះទាក់ទិននឹងកងប្រដាប់អាវុធ ហើយប្រើរថយន្តសុទ្ធតែទំនើបៗតម្លៃរាប់ម៉ឺនដុល្លារដឹកជញ្ជូនឈើ ៖ «ឆែក ទៅ ឡានឥឡូវវាពិបាក ឡានដូចអ្នកធំដែរហ្នឹង សុទ្ធតែ Lexus, 4Runner, Ford Ranger ឯណាឯណី ទិញឡានរាប់ម៉ឺន(ដុល្លារ)យកមកដាក់អ៊ីចឹង ការគ្រប់គ្រងរបស់យើងវាមិនបានដិតដល់»។
តាមព័ត៌មានដែលអាចជឿបានថា ក្រុមឈ្មួញដែលកំពុងដឹកជញ្ជូនឈើគ្រញូងចេញពីតំបន់ព្រំដែនខ្មែរថៃ នោះឆ្ពោះទៅកាន់ខេត្តកំពង់ចាម រួចចេញទៅលក់នៅប្រទេសវៀតណាមតាមច្រកត្រពាំងផ្លុង ដោយបានថ្លៃរាប់ពាន់ដុល្លារក្នុង១ម៉ែត្រគូប៕
From:
Sunday, July 12, 2009
សកម្មភាពកាប់ឈើកើនឡើងចាប់តាំងពីមានបញ្ហាជម្លោះព្រំដែន
Subscribe to:
Post Comments (Atom)
No comments:
Post a Comment