ប្រធានបណ្តោះអាសន្នរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមដែលទើបចូលកាន់ តំណែងថ្មីបានមួយថ្ងៃ លោក វី ហ៊ុយ ត្រូវតុលាការសាលាដំបូងកោះហៅសាកសួរជុំវិញបណ្តឹងពាក់ព័ន្ធ កញ្ញា សេង ធារី អតីតនាយិកាមជ្ឈមណ្ឌលនាថ្ងៃសុក្រ ទី១០ ខែកក្កដា។ លោក វី ហ៊ុយ ប្រធានមជ្ឈមណ្ឌលនិងជាប្រធានក្រុមប្រឹក្សាភិបាលចាស់របស់មជ្ឈមណ្ឌល អភិវឌ្ឍន៍សង្គម មានប្រសាសន៍ថា តុលាការសាលាដំបូងបានឲ្យគាត់ទៅបំភ្លឺទាញហេតុផលទៅលើអង្គសេចក្តី នៃបណ្តឹងរវាងលោក និងកញ្ញា សេង ធារី។
លោក វី ហ៊ុយ បានបញ្ជាក់ថា ៖ «បង ជា វណ្ណាត ហៅខ្ញុំឲ្យជួយធ្វើ Board Director ហ្នឹង ក៏ខ្ញុំធ្វើទៅ។ ខ្ញុំបានធ្វើខុសដែលរើស ធារី សេង ស្មានតែចំណេះវិជ្ជាជ្រៅជ្រះរបស់គាត់ វាងវៃរបស់គាត់ ជួយសង្គម គាត់ទៅជារំលោភច្បាប់ផ្ទៃក្នុង ដោយមិនគោរពពាក្យសន្យា ដោយមិនគោរព Board Director មិនចូលជំនុំជាមួយ Board Director អ៊ីចឹងទៅ ហើយទៅបង្កើត Board ផ្សេងទៀត។ ស្ដាយ!»។
អនុប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម លោក អ៊ឹម សុភា មានប្រសាសន៍ថា តុលាការសាលាដំបូងកាលមុនបានចេញដីកាកោះអញ្ជើញឲ្យសាមីខ្លួន លោក វី ហ៊ុយ និងកញ្ញា សេង ធារី ចូលរួមសវនាការអង្គសេចក្តីនៅថ្ងៃសុក្រ ទី១០ ខែកក្កដានេះ ប៉ុន្តែកញ្ញា សេង ធារី បានដាក់ពាក្យទៅតុលាការសុំពន្យារសវនាការនោះ រហូតដល់ថ្ងៃទី១៥ ទើបមានវត្តមានកញ្ញា សេង ធារី វិលមកប្រទេសវិញ ទន្ទឹមនោះតុលាការមិនបានជូនដំណឹងតបថា យល់ព្រមឬអត់ឡើយ។
លោក អ៊ឹម សុភា បានមានប្រសាសន៍ថា ៖ «អ៊ីចឹងខ្ញុំអត់បានទទួល ព័ត៌មានត្រឡប់មកវិញថា គេនៅតែបើកជំនុំជម្រះដោយគ្មានវត្តមាន អាហ្នឹងជាសិទ្ធិរបស់តុលាការ ខ្ញុំមិនអាច Comment (អត្ថាធិប្បាយ) អីកើត»។
ជម្លោះផ្ទៃក្នុងនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមដែលនាំឲ្យមាន ការប្តឹងផ្តល់គ្នា ដោយសារតែរឿងមិនព្រមចុះចេញពីមុខតំណែងប្រធាននៅក្នុងអង្គការមួយ នេះ បាននាំឲ្យមានការអនុវត្តដីកាប្រញាប់កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដាកន្លងទៅ ដោយបង្ខំដកតំណែងកញ្ញា សេង ធារី ជានាយិកាបច្ចុប្បន្ន ប្រគល់តំណែងប្រធានបណ្តោះអាសន្នជូនលោក វី ហ៊ុយ វិញ។
លោក វី ហ៊ុយ បានឲ្យដឹងថា ដោយទើបចូលកាន់តំណែងបានមួយថ្ងៃ ហើយមានរវល់ជាមួយតុលាការទម្រាំចប់ លោកមិនទាន់អាចអញ្ជើញបុគ្គលិកមកចូលរួមប្រជុំពីការចាត់ចែងការងារ បានទេនៅថ្ងៃនេះ។ លោកថា សប្តាហ៍ក្រោយមានគម្រោងប្រជុំជាមួយបុគ្គលិកទាំងអស់នោះ៕
From:
Sunday, July 12, 2009
តុលាការកោះហៅប្រធានថ្មីនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមមកសាកសួរ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment