គណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានទីស្នាក់ការនៅប្រទេសបារាំង បានឲ្យដឹងថា កាសែតធំៗនៅប្រទេសបារាំង ពុំសូវមានភក្តីភាពជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៃកម្ពុជាទេ។
លោក ស៊ាន ប៉េងសែ អតីតរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ហើយដែលជាប្រធាននៃគណៈកម្មាធិការព្រំដែនកម្ពុជានៅប្រទេសបារាំងនោះ បានប្រាប់វិទ្យុអាស៊ីសេរីថា លោកដឹងដំណឹងទាំងអស់នេះ តាមសេចក្តីរាយការណ៍ព័ត៌មានរបស់សារព័ត៌មានធំៗរបស់បារាំង ហើយថា កាសែតធំៗមួយចំនួនរបស់បារាំង បានធ្លាប់ស្គាល់លោកនាយករដ្ឋមន្រ្តីថា ជាមេដឹកនាំពុករលួយនិងផ្តាច់ការ។
លោក ស៊ាន ប៉េងសែ ឲ្យដឹងទៀតថា តាមការចុះផ្សាយស្តីពីសេចក្តីថ្លែងការណ៍នានារបស់ក្រសួងការបរទេស បារាំងនោះ លោករំពឹងថា មេដឹកនាំរបស់បារាំងនឹងលើកបញ្ហាមួយចំនួនដែលជាវិបត្តិនៅកម្ពុជា បច្ចុប្បន្ន ដោយរួមទាំងភាពគ្មានឯករាជ្យនៃតុលាការកម្ពុជាបច្ចុប្បន្នផងនោះ ទៅពិនិត្យពិភាក្សា។
លោក ស៊ាន ប៉េងសែ ថ្លែងដូច្នេះថា ៖ «ដូចជា L' Expresse, Figaro, Le Monde និយាយពីរឿងលោក ហ៊ុន សែន ជាអ្នកពុករលួយ អ្នកផ្ដាច់ការយូរហើយ។ កាសែតទាំងអស់ហ្នឹងអត់មានភក្ដីជាមួយលោក ហ៊ុន សែន ទេ ប៉ុន្តែជាផ្លូវការ រដ្ឋបារាំងគេទទួលលោក[ហ៊ុន សែន]ជាអ្នកអញ្ជើញមកនៅក្នុងពេលដែលគេធ្វើព្យុហយាត្រា។ ដូច្នោះជាកិត្តិយសមួយដែរ ប៉ុន្តែនៅក្នុងកាសែតដែលខ្ញុំបានមើលបន្តបន្ទាប់មកទៀតហ្នឹង គាត់មកហ្នឹងចង់និយាយពីរឿងស្អី នៅក្នុងពេលលោក ហ៊ុន សែន ជួបជាមួយរដ្ឋមន្ត្រី ឬលោក សាកូហ្ស៊ី ហ្នឹង គឺធំបំផុតរឿងសិទ្ធិមនុស្ស ទីពីរ នីតិរដ្ឋ ពីព្រោះថា នៅស្រុកខ្មែរអត់មាននីតិរដ្ឋទេ អំពើពុករលួយ ហើយតុលាការ ហើយតុលាការនៅស្រុកខ្មែរក៏មិនឯករាជដែរ បន្ទាប់មករឿងជម្លោះរាស្ត្រខ្មែរហើយនិងអ្នកមានអំណាចជាទាហាន ឬស៊ីវិលនៅស្រុកខ្មែរហ្នឹង»។
ចំណែកលោកអនុរដ្ឋលេខាធិការ កុយ គួង ជាអ្នកនាំពាក្យក្រសួងការបរទេសប្រទេសកម្ពុជា បានឲ្យដឹងថា ប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងដំណើរទស្សកិច្ចរយៈពេលប្រាំថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃទី១០ ខែកក្កដា មកនោះ ក្រៅពីការចូលរួមក្នុងពិធីព្យុហយាត្រារបស់បារាំង គណៈប្រតិភូជាន់ខ្ពស់នឹងបើកការពិភាក្សាផ្តោតការយកចិត្តទុកដាក់ លើការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរបារាំង-កម្ពុជា។
លោក កុយ គួង មានប្រសាសន៍យ៉ាងដូច្នេះ ៖ «លោក[នាយករដ្ឋមន្ត្រី] អញ្ជើញទៅទស្សនកិច្ចផ្លូវការ ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ [កក្កដា]ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ រវាងបារាំងនិងកម្ពុជា សម្ដេចនឹងជួបពិភាក្សាការងារជាមួយលោក នីកូឡាស់ សាកូហ្ស៊ី លោកនាយករដ្ឋមន្ត្រី François Fillon និងរដ្ឋមន្ត្រីក្រសួងការបរទេស Bernard Kuchner ហើយបន្ថែមពីហ្នឹង គឺថា លោកនឹងចូលរួមជាភ្ញៀវកិត្តិយសរបស់លោកប្រធានាធិបតី នីកូឡាស់ សាកូហ្ស៊ី នៅក្នុងពិធីព្យុហយាត្រាយោធាបារាំងផងដែរ»៕
From:
Monday, July 13, 2009
ជុំវិញដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីខ្មែរនៅប្រទេសបារាំង
Subscribe to:
Post Comments (Atom)
No comments:
Post a Comment