Tuesday, July 14, 2009

ហង្ស ចក្រា ត្រូវ​ឃុំ​នៅ​ក្នុង​បន្ទប់​មួយ​ជាមួយ​អ្នក​ទោស​៥០​នាក់

PHOTO HERE
DESCRIPTION HERE

លោក ហង្ស ចក្រា ជា​ចាងហ្វាង​កាសែត​ខែ្មរ​ម្ចាស់​ស្រុក ដែល​កំពុង​តែ​ជាប់​នៅ​ក្នុង​គុក​ព្រៃ​ស​នោះ តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា លោក​មាន​សុខភាព​ល្អ​ជា​ធម្មតា​ទេ ប៉ុន្តែ​លោក​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​បន្ទប់​តូច​ចង្អៀត​មួយ​ដែល ​មាន​ពិរុទ្ធ​ជន​សរុប​ចំនួន​៥០​នាក់​រស់​នៅ​ជាមួយ​គ្នា​នោះ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​បាន​ឲ្យ​ដឹង​ថា លោក ហង្ស ចក្រា នោះ កំពុង​តែ​មាន​ជំងឺ​តម្រង​នោម​និង​ជំងឺ​តាន​តឹង​នៅ​ក្នុង​ខួរ​ក្បាល។

លោក ជូង ជូងី ជា​មេធាវី​លោក ហង្ស ចក្រា ដែល​បាន​ទៅ​ជួប​សួរ​សុខ​ទុក្ខ​កូន​ក្តី​របស់​លោក​នៅ​ក្នុង​គុក​ព្រៃ​ស នៅ​រសៀល​ម៉ោង​២ ថ្ងៃ​ច័ន្ទ ទី​១៣ កក្កដា ២០០៩ បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ៖ «សុខភាព​គាត់​គ្មាន​បញ្ហា​អី​ ទេ។ ខ្ញុំ​សំខាន់​ទៅ​លើ​កិច្ចការ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ក្នុង​ករណី​គាត់​ហ្នឹង តុលាការ​នឹង​បញ្ជូន​សំណុំ​រឿង​ទៅ​ឧទ្ធរណ៍ អ៊ីចឹង​ខ្ញុំ​នឹង​តាម​ទៅ​ការពារ​គាត់​នៅ​ឧទ្ធរណ៍ ពីព្រោះ​អម្បាញ់​មិញ​ហ្នឹង​ខ្ញុំ​បាន​សួរ​បញ្ជាក់​គាត់​ថា តើ​គាត់​នៅ​តែ​ត្រូវការ​ខ្ញុំ​ជា​មេធាវី​ទៅ​ឧទ្ធរណ៍​ទៀត​ទេ? គាត់​ថា នៅ​តែ​ត្រូវការ​ខ្ញុំ​ជា​មេធាវី​ការពារ​គាត់​នៅ​សាលា​ឧទ្ធរណ៍​ទៀត»។

លោក​បាន​បន្ត​ថា រូប​លោក​និង​កូន​ក្តី​របស់​លោក​បាន​ប្តឹង​ទៅ​តុលាការ​សាលា​ឧទ្ធរណ៍​រួច​ហើយ​ កាល​ពី​ថៃ្ង​ទី​២៦ ខែ​មិថុនា កន្លង​ទៅ។ រូប​លោក​កំពុង​រង់ចាំ​ថៃ្ង​បើក​សវនាការ​នៅ​តុលាការ​សាលា​ឧទ្ធរណ៍​នា​ពេល​ខាង ​មុខ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​បាន​កំណត់​កាល​បរិចេ្ឆទ​នៅ​ទ្បើយ។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា នៅ​មុន​ការ​ចូល​ជួប​សួរ​សុខ​ទុក្ខ​កូន​ក្ដី​របស់​លោក​នោះ កូន​ស្រី​របស់​លោក ហង្ស ចក្រា ឈ្មោះ ហង្ស នេត្រា និង​ស្វាមី បាន​ចូល​ជួប​សួរ​សុខ​ទុក្ខ​ឪពុក​របស់​ខ្លួន​ផង​ដែរ​នៅ​ព្រឹក​ថៃ្ង​ច័ន្ទ​ នេះ។

លោក អំ សំអាត ជា​ប្រធាន​ផែ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ថែ្លង​ថា ក្រុម​គ្រូពេទ្យ​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ទើប​តែ​ទទួល​បាន​ការ​អនុញ្ញាត​ពី​នាយកដ្ឋាន​ពន្ធនាគារ​កាល​ពី​ពេល​ថ្មីៗ​នេះ ឲ្យ​ចូល​ជួប​និង​ពិនិត្យ​សុខភាព​លោក ហង្ស ចក្រា នៅ​ថ្ងៃ​ច័ន្ទ​នេះ។

លោក អំ សំអាត មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ការ​ពិនិត្យ​សុខភាព​របស់​ គាត់ គាត់​មាន​បញ្ហា​សុខភាព ទាក់ទង​នឹង​បញ្ហា​ផ្លូវ​តម្រង​នោម ដោយសារ​តែ​គាត់​មាន​ជំងឺ​ទាស់​នោម។ ក្រុម​គ្រូ​ពេទ្យ​បាន​ព្យាបាល​និង​ឲ្យ​ថ្នាំ​សម្រាប់​គាត់​ពិសា។ ក្រៅ​ពី​ហ្នឹង គ្រាន់​តែ​ថា​គាត់​មាន​ជំងឺ​ហប់ តប់​ប្រមល់ កាល​ណា​តប់​ប្រមល់​ខ្លាំង​ទៅ គាត់​នឹង​អាច​មាន​បញ្ហា​ហៅ​ថា បញ្ហា​ខួរ​ក្បាល​របស់​គាត់​ហ្នឹង គឺ​វា​ដើរ​អត់​សូវ​ស្រួល»។

លោក ហង្ស ចក្រា ជា​ចាងហ្វាង​កាសែត​ខែ្មរ​ម្ចាស់​ស្រុក ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់​ទោស​កំបាំង​មុខ​កាល​ពី​ថៃ្ង​ទី​ ២៦ ខែ​មិថុនា កន្លង​ទៅ​នេះ ឲ្យ​ជាប់​គុក​រយៈពេល ១២​ខែ និង​បាន​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន​៩​លាន​រៀល ក្រោម​បទ​ចោទ​ប្រកាន់​ថា បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត​និង​បទ​បរិហារ​កេរ្តិ៍ ដោយសារ​តែ​កាសែត​របស់​លោក​បាន​ផ្សាយ​អត្ថបទ​មួយ​ចំនួន​កាល​ពី​ខែ​មេសា និង​ខែ​ឧសភា​កន្លង​ទៅ ជាមួយ​នឹង​ការ​ចោទ​ប្រកាន់​ថា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បំបែក​សម្បុក​មន្រ្តី​អាក្រក់​និង​ពុក​រលួយ​នៅ​ជុំវិញ​លោក សុខ អាន។

លោក​ឧបនាយក​រដ្ឋមន្រ្តី សុខ អាន ជា​រដ្ឋមន្រ្តី​នៃ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​បាន​បដិសេធ​ការ​ផ្សាយ​នេះ​នៅ​ ក្នុង​កិច្ច​ប្រជុំ​សភា​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​នេះ។

ចំណែក​ឯ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ការពារ​សិទ្ធិ​មនុស្ស បាន​ហៅ​ការ​ប្តឹង​នោះ​ជា​យន្តការ​មួយ​បំបិទ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ និង​ការ​រិះគន់៕

From:

No comments:

Post a Comment